ការសង់​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​នៅ​គិរី​រម្យ​ កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​

​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា​ដ៏​ធំ​មួយ​នេះ​ត្រូវបាន​សាងសង់ឡើង​នៅលើ​ផ្ទៃ​​ដី ១២៦ ​ហិកតា លើ​កំពូលភ្នំ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​កុស​មៈ​គីរីរម្យ ស្ថិតក្នុង​ភូមិ​អូ​រក​សេះ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​មហា​ឧបាសិកា​ធម្ម​បណ្ឌិត​ញឹក ប៊ុន​ថា ដែលជា​ស្ថាបនិក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​នេះ សាងសង់​លើ​ផ្ទៃដី​ ១២៦ ហិកតា​ ដោយមាន​ការអនុញ្ញាត​ពី​ «​សម្តេចព្រះសង្ឃរាជ ទេព វង្ស និង​សម្ដេចព្រះ​ពោធិវ័ង្ស កិត្តិ​​បណ្ឌិត អំ លឹម​ហេង​» និង​លោក​ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​។ មជ្ឈមណ្ឌល​នេះ​បានចាប់ផ្តើម​សាងសង់​តាំងពី​ឆ្នាំ​ ២០០៥ ​ហើយ​បច្ចុប្បន្ន​មាន​ប្រាសាទធំ​ ១ អគារ​នៅ​ចំ​កណ្តាល​មជ្ឈមណ្ឌល​ត្រូវ​សាងសង់​រួចហើយ​ឈ្មោះ​ «​បឋម​ចេតិយ​ទី​» ជា​ព្រះ​ចេតិយ​តម្កល់​ព្រះធម៌​ដែលមាន​បណ្តោយ​ ១០៨​ ម៉ែត្រ និង​ទទឹង ​៣៧ ​ម៉ែត្រ​។​

​ក្នុងនោះដែរ​លោកស្រី​ក៏មាន​គម្រោង​សាងសង់​ប្រាសាទធំៗ​ ៤ និង​មាន​កសិណ​ទឹក​១​ដែលមាន​បណ្តោយ ៦០០ ​ម៉ែត្រ និង​ទទឹង​ ១២​ ម៉ែត្រ នៅ​ពីមុខ​ប្រាសាទ​ទាំង ​៤​នោះ​។ ក្នុងនោះ​ក៏ត្រូវ​សាងសង់​ប្រាសាទ ​៨ បន្ថែមទៀត​សម្រាប់​តម្កល់​ផ្ទាំងសិលា​ចារឹក​ព្រះ​ត្រៃ​បិ​ដក​ដែលមាន​ចំនួន​ ១ ០១៧​ ផ្ទាំង​ចារឹក​ជា​អក្សរ​បាលី​ម្ខាង​សម្រាយ​ពី​ភាសាបាលី ហើយ​ក្នុង​១​ផ្ទាំងៗ មាន​ទំហំ​ទទឹង​៨​តឹក និង​កម្ពស់​ជាង​ ១ ​ម៉ែត្រ​ជា​ប្រភេទ​ថ្ម​ម៉ាប​។​

​លោកស្រី ​ញឹក ប៊ុន​ថា បន្តថា ចំណែក​ផ្លូវ​បេតុង​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល គឺមាន​ចំនួន​ ៥ ​ខ្សែ ក៏​កំពុង​សាងសង់​បណ្តើរៗ​ជិត​រួចរាល់​ហើយ​ដែរ​។ ជាមួយគ្នានេះ ក៏មាន​ការចូលរួម​ពី​ក្រសួង​និង​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​យក​កូនឈើ​រាប់ម៉ឺន​ដើម​ទៅ​ដាំ​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​ដែរ ព្រោះ​វប្បធម៌​សាសនា​ក៏ត្រូវ​ការ​ព្រៃឈើ​ធម្មជាតិ​ដែរ​។ ក្នុងនោះ​មជ្ឈមណ្ឌល​ក៏មាន​សាងសង់​ព្រះ​ចុ​ឡា​មនី​ ចេតិយ​ដ៏​ធំ​ ១ សម្រាប់​តម្កល់​ព្រះ​បរម​សារីរិកធាតុ​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​ផងដែរ​។

​លោកស្រី​ថ្លែងថា​៖«​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនា បើ​នៅ​ប្រទេស​គេ គេ​ធ្វើ​រាប់រយឆ្នាំ​ឯណោះ ហើយ​យើង​ជា​ខ្មែរ​អង្គរ​កាន់​ព្រះពុទ្ធសាសនា​ ១ ​នឹង​គេ​ដែរ បើ​មិនមាន​ក៏​មិនកើត​ដែរ​។ ខ្ញុំ​សង់​ទុកជា​សម្បត្តិ​ជាតិ​អ៊ីចឹងទៅ​ខ្ញុំ​អត់​មាន​លុយរាប់​រយ​លាន​ដុល្លារ​ទេ តែ​ជាស​ទ្ធា​ផ្តើម​ធ្វើទៅ សូម្បីតែ​សម្តេចម៉ែ ក៏​លោក​ចូល​​រួម​ដែរ ពោលគឺ​គ្រប់​មជ្ឈដ្ឋាន​»​។​

​លោកស្រី​រៀបរាប់ថា ការកសាង​សង់​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា រហូតមកដល់​ពេលនេះ​ត្រូវ​ចំណាយ​ថវិកា​អស់​ជាង​ ៩​ លាន​ដុល្លារ​ហើយ​។ ម្យ៉ាងវិញទៀត ការសាងសង់​ក៏ត្រូវ​ចំណាយពេល​រាប់​ឆ្នាំ​ដែរ ព្រោះ​នៅលើ​ភ្នំ​សុទ្ធតែ​ថ្ម ដូច្នេះ​ត្រូវយក​ថ្ម​ចេញ​។ នៅពេល​ឈូសឆាយ​ឱ្យ​ដី​រាបស្មើ​ទើប​អាច​សង់​ទៅបាន​ហើយ​ការរាំងស្ទះ​មួយទៀត ក្នុងស្ថានភាព​ប្រទេស​មាន​កើត​ជំងឺ​កូ​វីដ​ត្រូវ​ផ្អាក​ ២ ​ឆ្នាំ ហើយ​អាកាស​ធាតុ​ភ្លៀង​ក៏​ជាង​ធ្វើ​មិនកើត​ដែរ​។​

​បើតាម​លោកស្រី​ប៊ុន​ថា នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​មាន​ឆ្លាក់​ថ្មភ្នំ​ជា​រូបសំណាក​ព្រះអង្គ​ប្រសូត ព្រះអង្គ​ផ្ចាញ់​មារ រូប​​សំណាក​ព្រះអង្គ​គង់​ចម្រើន​សមាធិ​ពោលគឺ​រូប​ព្រះ​ចំនួន​ ៨៤ ០០០​ ព្រះអង្គ ត្រូវ​ឆ្លាក់​ពី​ថ្មភ្នំ​ធម្ម​ជាតិ​ទាំងអស់​ព្រោះ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​នេះ ត្រូវ​តម្កល់​ទុកជា​ប្រវត្តិ​សា​​ស្ត្រ​រហូត​ទៅ​អនាគត​។​

​គោលបំណង​ដ៏​ធំ​របស់លោក​​ស្រី​ក្នុង​ការកសាង​មជ្ឈមណ្ឌល​នេះ​ឡើង គឺ​ចង់​រួមចំណែក​ទ្រទ្រង់​វិស័យ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ រួមចំណែក​លើក​តម្កើង​តម្លៃ​ព្រះ​ពុទ្ធវចន​: (​ពុទ្ធ​​ឱវាទ ឬ​ពុទ្ធដីកា​)​ ដែលជា​ពាក្យ​ប្រៀនប្រដៅ​ឱ្យ​មនុស្ស​ធ្វើ​តែ​អំពើ​ល្អ ជា​មនុស្ស​ដែលមាន​គុណធម៌ មាន​សីលធម៌​។

ក្នុងនោះដែរ​ សំដៅលើ​ការពង្រឹង​វប្បធម៌​ជាតិ បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យ​ខ្មែរ​ចេះ​ស្រឡាញ់​វប្បធម៌​ជាតិ ចេះ​គោរព​មាតាបិតា​។ ពិសេស​ទៀត​នោះ គឺ​ចេះ​ពង្រឹងសមត្ថភាព​ដឹកនាំ​មាគ៌ា​ជីវិត​របស់​មនុស្ស​ម្នាក់ៗ ឱ្យមាន​ជោគជ័យ​។ លោកស្រី​បន្ថែមថា កាលពីមុន​សម័យ​ជំងឺ​​កូ​វីដ មជ្ឈមណ្ឌល​មានកម្ម​ករ​ជាង​ ៧០ ​នាក់​។ តែ​ក្រោយពី​ជំងឺ​កូ​វីដ​ស្បើយ​ទៅ កម្មករ​ដែល​ធ្លាប់ធ្វើ​ពីមុន​ក៏​ទៅរក​ការងារ​ផ្សេង​ធ្វើ ដូច្នេះ​បច្ចុប្បន្ន​នៅសល់តែ​ជាង ​២០ ​នាក់​ទេ​។ តែ​សំណង់​ផ្សេងៗ​ដែល​ត្រូវ​សាងសង់​បន្ត​គឺ​លោកស្រី​ម៉ៅ​មេការ​ជាងសំណង់​ធ្វើ​ដាច់​មុខតែ​ម្តង​។​

​សម្រាប់​មជ្ឈមណ្ឌល​ក៏ត្រូវ​រៀបចំ​ឱ្យមាន​វត្ត​ផងដែរ តែ​ពេលនេះ​លោកស្រី មិនទាន់​រៀបចំ​ឱ្យមាន​ជាវ​ត្ត​អារាម​នៅឡើយ​ទេ ព្រោះ​នៅលើ​ភ្នំ ខណៈ​ផ្ទះ​ប្រជាជន​ច្រើន​នៅ​ឆ្ងាយ​។ បច្ចុប្បន្ន​មាន​ព្រះសង្ឃ​ចំនួន​តែ ​៥​ អង្គ​ប៉ុណ្ណោះ​ដែល​គង់​បណ្តោះអាសន្ន​នៅក្នុង​មជ្ឈមណ្ឌល​)​។​

​លោក​ជ័យ ហ៊ីម មេឃុំ​ចំបក់ ក្នុងស្រុក​ភ្នំស្រួច​ឱ្យដឹងថា មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​នៅលើ​ភ្នំ​គិរី​រម្យ​នេះ​មិនទាន់​សាង​​សង់​រួច​នៅឡើយ​ទេ​។ នៅក្នុង​មជ្ឈមណ្ឌល​នេះ មាន​តម្កល់​ទៅដោយ​ព្រះ​ត្រៃបិដក​ដែល​ឆ្លាក់​លើ​ផ្ទាំង​ថ្ម​ម៉ាប​។ រីឯ​នៅក្នុង​ប្រា​សាទ ក៏មាន​រូបចម្លាក់​រប​ស់​ថ្នាក់​ដឹកនាំ​កំពូលៗ​បច្ចុប្បន្ន​ដែរ និង​មាន​ចម្លាក់​ថ្ម​រៀបរាប់​ពី​ដំណើរ​ព្រះពុទ្ធ​តែម្តង​។​

  • Related Posts

    លោកឧកញ៉ា យន់ សេងហាន បើកវគ្គបណ្តុះបណ្តាល “យុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពដឹកនាំឆ្នាំ២០២៥”

    ភ្នំពេញ៖ លោកឧកញ៉ា យន់ សេងហាន បានបើកវគ្គបណ្តុះបណ្តាលពិសេសឈ្មោះ…

    Read more

    អំពី Senghanbiz

    Senghanbiz ត្រូវបានបង្កើតឡើងនៅទីក្រុងភ្នំពេញដ៏ស្រស់ស្អាត​នៃ​ប្រទេសកម្ពុជា។ ​ដោយ មានបំណងចង់ ផ្តល់នូវ​ ការសិក្សា…

    Read more

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    លោកឧកញ៉ា យន់ សេងហាន បើកវគ្គបណ្តុះបណ្តាល “យុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពដឹកនាំឆ្នាំ២០២៥”

    • By admin
    • February 24, 2025
    • 165 views
    លោកឧកញ៉ា យន់ សេងហាន បើកវគ្គបណ្តុះបណ្តាល “យុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពដឹកនាំឆ្នាំ២០២៥”
    • By admin
    • February 13, 2025
    • 81 views
    • By admin
    • February 13, 2025
    • 80 views

    SH CORDY plus

    • By admin
    • February 13, 2025
    • 74 views
    SH CORDY plus

    Khaow Tong

    • By admin
    • February 13, 2025
    • 191 views
    Khaow Tong

    SH Fiber

    • By admin
    • February 13, 2025
    • 79 views
    SH Fiber